រឿង សត្វឥន្រ្ទីរបស់ព្រះឥសូរ

រឿង សត្វឥន្រ្ទីរបស់ព្រះឥសូរ

មាន​សត្វ​ឥន្ទ្រី ១ ជាទី​គាប់​ព្រះទ័យ​នៃ​ព្រះ​ឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់បាន​អ្វី ៗ ក្ដី ឬ​ចង់ស៊ី​សាច់សត្វ​ណា​ក្ដី វា​ទូល​ព្រះ​ឥសូ​រថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់សត្វ​នោះ ព្រះ​ឥសូរ​ក៏​ចេះតែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿ​យៗ ។ សត្វ​ទាំងឡាយ មាន​គោ ក្របី​ជាដើម កើត​ក្ដៅក្រហាយ​និង​សត្វ​ឥន្ទ្រី​នេះ​មហិមា តែ​ពុំ​ហ៊ាន​ថា​អ្វី ព្រោះ​ខ្លាច​អំណាច​ព្រះ​ឥ​សូរ ជា​ម្ចាស់​លើ​សត្វលោក​នោះ ។​

​​ថ្ងៃ ១ សត្វ​ឥន្ទ្រី​នេះ វា​ចង់​ស៊ីសាច់​ស្ដេច​ដំរី ទើប​វា​ទូល​ព្រះ​ឥសូ​រថា វា​យល់​សុបិន​ត្រូវ​ស៊ីសាច់​ស្ដេច​ដំរី​ស ។ ព្រះ​ឥសូរ​ក៏​ជឿ​តាម​ទើប​ឱ្យ​បម្រើ​ទៅប្រាប់​ដំរី​ស​ម្ដាយ​និង​កូន​ថា ឱ្យទៅ​លាងខ្លួន​ឱ្យ​ស្អាត​ហើយ​ឱ្យ​ចូលមក​ក្នុង​វេលា​ព្រឹក​នេះ ឱ្យ​សត្វ​ឥន្ទ្រី​គេ​ស៊ី ត្បិត​គេ​យល់​សុបិន​ត្រូវ​ត្រង់​រូប​ខ្លួន​ហើយ ។ ឯ​ដំរី​ស​ម្ដាយ​និង​កូន កាលណា​បើ​ឮថា ព្រះ​ឥសូរ​ឱ្យ​ហៅ​ខ្លួន​ខ្លួន​ទៅឱ្យ​សត្វ​ឥន្ទ្រី​ស៊ី​ដូច្នោះ ក៏​ភិតភ័យ​នឹង​សេចក្ដីស្លាប់​នោះ​មហិមា នាំគ្នា​យំសោក​វិយោគ​ទៅ​ផ្សេង ៗ ពុំ​ដឹង​បើ​និង​រក លោក​អ្នក​ណា​មេត្តាជួយ​ដោះ​ជីវិត​នៃ​អាត្មា​បាន ហើយ​ក៏​នាំគ្នា​ដើរ​ចុះ​ទៅ​ក្នុង​ស្រះ ដើម្បី​នឹង​ងូតទឹក​ដុសលាង​កាយ ។​

​​ ​គ្រា​នោះ​មាន​សត្វ​ទី​ទុយ ១ ទំ​នៅលើ​មែកឈើ បានឃើញ​ដំរី​ស​ម្ដាយ​និង​កូន ដើរ​យំសោក​ដូច្នោះ ក៏​សួរ​ទៅ​ថា “​នែ​ដំរី​ស ! អ្នក​មាន​ទុក្ខទោមនស្ស​ព្រោះ​ហេតុអ្វី ?” ។ ដំរី​ស​ម្ដាយ​និង​កូន ក៏​ថ្លែងសេចក្ដី​ទុក្ខ​ប្រាប់​ទីទុយ​តាំងពីដើម ដល់​ចប់​សព្វ​គ្រប់​ប្រការ ទីទុយ​ឮ​ដូច្នោះ​ក៏​ថា “​ឱ​ព្រះ​ឥសូរ​លោក​ម្ដេចក៏​ប្រកប​ដោយ​ឆន្ទាគតិ គឺ​លំអៀង​ច្បាប់ លំអៀងសេចក្ដី​ទៅតាម​សេចក្ដីស្រឡាញ់ ទៅ​ជឿ​ស្ដាប់ តែ​ពាក្យ​សត្វ​ឥន្ទ្រី​ឱ្យ​យាយី​គេ​ឯ​ទៀត​ដូច្នោះ​” ។ ដំរី​ស​តប​ថា ” ឱ្យ​អ្នក​ទីទុយ​អើយ​! ខ្ញុំ​នេះ​ឥត​ទីពឹង​ពំនាក់​សោះឡើយ សូម​អ្នក​មេត្តា​ជួយ​សង្គ្រោះ​ដោះដូរ​ជីវិត​ខ្ញុំ​ឱ្យ​រួច ពី​ភ័យ​ម្ដង​នេះ​ទៅ​លោក​ម្ចាស់ ខ្ញុំ​ម្ដាយ​និង​កូន​នៅ​ជា​ខ្ញុំបម្រើ​អ្នក​” ។ ឯ​ទីទុយ​កើត​ចិត្ត​មេត្តា​ករុណា ក៏​ឆ្លើយ​ទទួល​ថា “​អើបើ​ដូច្នោះ​អ្នកឯង​ឆ្លើយ​ទទួល​សារភាព​ថា​ជា​បាវ​ខ្ញុំ​ចុះ ខ្ញុំ​ឯង​នឹង​ទៅ​និយាយ​កែ​តាម​កលឧបាយ​ត​និង​ព្រះ​ឥសូរ​មើល​ម្ដង ” ។ ដំរី​ស​ក៏​ព្រម​តាម ហើយ​ឱ្យ​ទីទុយ​ជិះ​ទំ​លើ​ក្បាល​កូនដំរី​សចរ​ទៅ កាន់​ដំណាក់​ព្រះ​ឥសូរ​ឰដ៏​ភ្នំ​កៃលាស​មហា​ស្ថាន​ដល់​ហើយ​ទីទុយ​ក៏​ចុះ​ចាក​ក្បាលដំរី​ស ចូល​ទៅ​ទៀប​បល្ល័ង្ក​ទីន័ង​ព្រះ​ឥសូរ​ហើយ​ទូល​ថា “​បពិត្រ​ព្រះអង្គ​ជា​កំពូល​លោក ព្រះអង្គ​មាន​ការ​អ្វី​បានជា​ទ្រង់​ហៅ​ដំរី​ស​ជា​បាវ​ខ្ញុំ​ទូលព្រះបង្គំ​មកនេះ មាន​ហេតុភេទ​យ៉ាងណា​ព្រះករុណា ? ព្រះ​ឥសូរ​ឆ្លើយថា “​អើ​ទីទុយ ! បាវ​ឯង​នេះ​ត្រូវ​ដល់​សេចក្ដី ស្លាប់​ហើយ​ក្នុងថ្ងៃនេះ ត្បិត​សត្វ​ឥ​ន្ទ្រី គេ​យល់​សុបិន​ថា ត្រូវ​បរិភោគ​សាច់​ដំរី ហេតុ​ទើប​យើង​ឱ្យ​ហៅ​ដំរី​ស​ជា​បាវ​ឯង​មក​ឱ្យ​គេ​ស៊ី​” ។

​​ ​ទីទុយ​តប​ថា “​សូម​ទាន ឯ​កិរិយា​យល់​សុបិន​របស់​សត្វ​ឥន្ទ្រី​នោះ​ជា​ទៀង​ពិតប្រាកដ ព្រះអង្គ​យក​ជា​ប្រមាណ​ណាស់​ទៅ​ឬ​យ៉ាងណា​ដូចម្ដេច ។​
​រឿង សត្វឥន្ទ្រីរបស់ព្រះឥសូរ

​​ ​”​អើ​ទីទុយ សត្វ​ឥន្ទ្រី​នោះ​គេ​យល់​សុបិន​ហើយ សុបិន​នោះ​និមិត្ត​ទៀង​ពិតណាស់ ហើយ​យក​ជា​ប្រមាណ​បាន​” ។ “​ក្រាប​ទូល ទូលព្រះបង្គំជាខ្ញុំ​ជឿ​តាម​ព្រះបន្ទូល ដែល​ទ្រង់​ជឿ​សុបិន​សត្វ​ឥន្ទ្រី​នោះ ដំរី​ស​បាវ​ខ្ញុំ​ព្រះករុណា​វិសេស​ក៏​គួរ​ស្លាប់ ហើយ​ខ្ញុំម្ចាស់​នាំ​មក​ថ្វាយ​ឱ្យ​ទ្រង់​ប្រទាន​ដំរី​ស​ឱ្យ​សត្វ​ឥន្ទ្រី​គេ​បរិភោគ​ចុះ តែ​ខ្ញុំ​ល្អងធូលីព្រះបាទ​យប់មិញ​នេះ​មានធុរៈ​ដើរ​ចាប់​ក្ដាម​បរិភោគ ពុំ​បាន​ទទួលទានដំណេក​សោះ បើ​ដូច្នេះ​សូមមេត្តា​អត់​ទោស សូម​ទទួលទានដំណេក​បាន​មួយស្រឡេត​សិន ហើយ​សឹម​ខ្ញុំ​នាំ​បាវ​ទៅឱ្យ​សត្វ​ឥន្ទ្រី​នោះ​ស៊ី​” ថា​ហើយ​ទីទុយ​ក៏​ធ្វើ​ជា​ធ្មេចភ្នែក​សម្ងំ​ដេក​បន្តិច ទីទុយ​ក៏​ធ្វើ​ជា​ភ្ញាក់ឡើង ហើយ​ពត់​ខ្លួន​ពត់​ប្រាណ​សិត​ស្លាប ធ្វើ​កិរិយា​រីករាយ ហើយ​ទូល​ព្រះ​ឥសូ​រថា “​សូម​ទ្រង់​ព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំ​ទទួលទានដំណេក​អម្បាញ់មិញ​នេះ​ទៅ​យល់​សុបិន​ល្អ​ណាស់ ជា​សុបិន​មង្គល​ហៅ សុភ​និមិត្ត​” ។ ព្រះ​ឥសូរ​ក៏​សួរ​ថា “​បា​ឯង​យល់​សុបិន​នោះ​ដូចម្ដេច​ចូរ​និយាយ​ទៅ​មើល ?” ។ ទីទុយ​ក៏​ទូល​ថា “​សុបិន​ទូលព្រះបង្គំជាខ្ញុំ​នេះ​មាន​សេចក្ដី​ប្លែក​ណាស់​ស្ទើរតែ​មិន​ហ៊ាន​និយាយ​” ។ “​មើល​ឯង​និយាយ​ទៅ​មើល សុបិន​ឯង​នោះ​យ៉ាងណា​? ” ។ “​សូមទាន​សុបិន​នោះ​ឃើញ​ថា សម្ដេច​នាង​ឧមា​ភគវតី​ជា​ព្រះ​រាជមហេសី​ល្អងធូលីព្រះបាទ​នេះ ស្រឡាញ់​ខ្លួន​ខ្ញុំ​ព្រះករុណា​វិសេស ល្អងធូលី ព្រះបាទ​ក៏​ប្រោស​ប្រទាន​ឱ្យ​មក​ជា​ភរិយា​ខ្ញុំ សុបិន​ខ្ញុំ​នេះ​ទៀង​ពិត​ប្រាកដ​ណាស់ យក​ជា​ប្រមាណ​បាន បើដូច្នោះ​សូម​ល្អងធូលីព្រះបាទ​ហៅ​ព្រះ​នាង​ឧមា​ភគវតី​នោះ​ព្រះរាជទាន​ឱ្យ​ទូលព្រះបង្គំជាខ្ញុំ ទុក​ជា​ព្រះ​កេរ្តិ៍​របស់​ព្រះករុណា​វិសេស​” ។ ព្រះ​ឥសូរ​ឮ​ដូច្នោះ​ក៏​តូច​ព្រះរាជហឫទ័យ ទើប​ត្រាស់​ថា “​អាឯង​យល់​សុបិន​នេះ​តែ​ផ្ដាស​ទេ យើង​នឹង​យក​ជា​ប្រមាណ​ពុំ​បាន នឹង​ជឿ​ស្ដាប់​ពុំ​បាន​ទេ អា​ទីទុយ​អើយ​! ” ។ ទីទុយ​តប​ថា “​ការយល់​សុបិន​ខាង​ទូលព្រះបង្គំជាខ្ញុំ ! ព្រះអង្គ​យល់​ជា​ប្រមាណ​ពុំបាន នឹង​ជឿ​ស្ដាប់​ពុំបាន ចុះ​ខាង​សត្វ​ឥន្ទ្រី​នោះ​ម្ដេច​ក៏​ព្រះអង្គ​ជឿ​ស្ដាប់​យក​ជា​ប្រមាណ​បាន ! អើបើ​សុបិន​ទូលព្រះបង្គំជាខ្ញុំ​មិន​ពិត សុបិន​សត្វ​ឥន្ទ្រី​នោះ​ក៏​មិន​ពិត​ដូចគ្នា ព្រោះ​ជា​វិស័យ​សកុណជាតិ​ដូចគ្នា សូម​ព្រះអង្គ​កាត់សេចក្ដី​នេះ​ឱ្យបាន​ប្រកបដោយ​យុត្តិធម៌​ទាំងសងខាង​ឱ្យទាន​” ។ ព្រះ​ឥសូរ​ឮ​ទីទុយ​ស្ដី​ដូច្នោះ​ចូរ​ឯង​នាំយក​ដំរី​ស​ជា​បាវ​ឯង វិល​ទៅ​កាន់​ទីលំនៅ​ឯង​វិញ​ចុះ ការ​នេះ​យើង​លើកលែង​គ្នា​តែ​ប៉ុណ្ណេះ ” ។​

​​ ​ទីទុយ​ក្រាបថ្វាយបង្គំ​លា​នាំ​ដំរី​ស​ម្ដាយ​និង​កូន​ទៅ​កាន់​លំនៅ​វិញ ដំរី​ទាំង​ម្ដាយ​ទាំង​កូន​ក៏​បាន​រួច​ជីវិត​នៅ​ជា​សុខ​សប្បាយ​តទៅ ព្រោះ​បាន​ជួប​នឹង​ទីទុយ​ជា​កល្យាណ​មិត្រ​ជា​អ្នកប្រាជ្ញ អាច​ជួយ​ដោះ​ទុក្ខ​បាន​ដោយ​ប្រពៃ៕
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


What are your thoughts?