រឿង ទេវតាសែកសោយ

រឿង ទេវតាសែកសោយ

ភាគទី (១)
កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្តិភោគសម្បត្តិ ។ ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្តាយឪពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែ ។ ទេវតាអាក្រក់និយាយតបទៅវិញថា អ្នកជឿថាអំណាចខ្ញុំពូកែទេ? ។ ទេវតាល្អឆ្លើយថា ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង ។ ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។ ទេវតាបណ្តាលឲ្យមនុស្សនោះកំពុងតែកាប់ឧស ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតគិតថា ឱអញ បើអញរស់នៅ គ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញ ប្រសិនជាអញស្លាប់ទៅ តើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀត បើដូច្នេះ អញគិតទៅនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋី គ្រាន់តែសុំបាយគេស៊ី ប្រហែលជាគេព្រមហើយ គិតតែប៉ុណ្ណេះក៏លែងកាប់ឧស ត្រឡប់ទៅវិញ ទៅដល់និយាយប្រាប់ជីដូនតាមដំណើរសព្វគ្រប់ ដែលខ្លួនគិតកាលទៅកាប់ឧស ។ ជីដូចបានស្តាប់ហើយក៏ចូលចិត្តព្រមតាមចៅ បុរសកំសត់ និង​ជីដូន ក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋី ដល់ចូលទៅក្នុងកំពែងរបងហើយ ទៅងង្គុយបត់ជើងនៅមាត់ជណ្តើរមហាសេដ្ឋី ។ លុះបន្តិចទៅ មហាសេដ្ឋីប្ដីប្រពន្ធនាំគ្នា ចេញមកក្រៅ ក្រឡេកទៅឃើញអ្នកទាំងពីរនាក់អង្គុយក៏សួរថា ឯងមកនេះមានប្រាថ្នាអ្វី? ។ បុរសកំសត់នោះ ឆ្លើយជម្រាបទៅសេដ្ឋីថា ខ្ញុំពីរនាក់ជីដូននិងចៅនេះ មកសុំនៅធ្វើជាខ្ញុំបម្រើលោក គ្រាន់តែយកបាយចិញ្ចឹមជីវិត ។ មហាសេដ្ឋីស្តាប់ហើយឆ្លើយថា អើឯងនៅចុះ ។ បុរសនោះជម្រាបទៅមហាសេដ្ឋីថា សូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនិងផ្ទះធំ ។ មហាសេដ្ឋីព្រម ទើបយាយចាស់នោះ សុំគ្រាន់តែដេញមាន់ទា កុំឲ្យស៊ីស្រូវ កាលណាគេយកស្រូវទៅហាល ។ បុរសនោះ ខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះ ។ មហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អាន ។ លុះយូរទៅប្រមាណជា ៣-៤ ឆ្នាំ បុរសនោះ សុំមហាដេដ្ឋីទៅនៅឃ្វាលក្របីវិញ ដល់នៅឃ្វាលក្របី ផ្លាស់អស់ខ្សែពួរចាស់ៗទាំងប៉ុន្មាន ជួសជុលក្រោលឲ្យស្អាតល្អឡើង ក្របីទាំងអស់ចំនួន ១០០ ក្បាល ។ ដល់យូរទៅ មហាសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថា តាំងពីអានេះទៅឃ្វាលក្របី យើងមិនដែលទៅមើលវាម្តងសោះ ដូច្នេះត្រូវយើងនាំគ្នាទៅមើលវាម្តង ក៏នាំប្តីប្រពន្ធទៅ លុះទៅដល់ មើលទៅក្របី ខ្សែពួរ និងក្រោល ពេញចិត្តទាំងអស់ ក៏ត្រឡប់មកវិញនិយាយគ្នាថា អានេះជាមនុស្សល្អ កាលដែលយើងឃើញមុន មិនដែលមានប្រដាប់សម្រាប់ក្របីថ្មី យ៉ាងនេះទេ ឥឡូវនេះមានព្រមអានេះជាមនុស្សចិត្តត្រង់នឹងចៅហ្វាយនាយ ។ បុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃ មានកាលថ្ងៃមួយនោះ ពេលល្ងាចដេញក្របីត្រឡ់មកក្រោលវិញ មកដល់ត្រពាំងមួយ ដេញក្របីចុះទៅត្រពាំងទឹក ទៅជាន់ដុំមាសនៅក្នុងត្រពាំងនោះ បែរទៅខាងណា ក៏សុទ្ធតែដុំមាស ពេញត្រពាំងទាំងអស់ ។ បុរស់នោះថា ដុំថ្មអ្វីក៏ច្រើនម្ល៉េះ ប៉ះជើងស្ទើរស្លាប់ហើយ ថាហើយក៏យកដុំមាសមួយដុំមក គិតថា អញយកដុំថ្មនេះទៅផ្ញើយាយអញ ព្រោះថ្មនេះល្អ ។ បុរសនោះ ដេញក្របីមកចូលក្រោល រួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនៗ បានឃើញដុំមាសហើយ សួរថា ចៅយកពីណាមក យកទៅវិញទៅយាយមិនហ៊ានយកទេ ដុំមាសធំម្ល៉េះ ។
សូមរង់ចាំអានភាគទី (២)ដែលជាភាគបន្ដ!


What are your thoughts?