រឿង ចៅជ្រូកដើររកប្រពន្ធ

រឿង ចៅជ្រូកដើររកប្រពន្ធ

ភាគទី (១)
រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីកុដុម្ពិកម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយមានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្ត ពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្សឧស្សាហ៍ ព្យាយាមមិនមានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ ។ លុះខ្លួនកាន់តែធំចេះជួយរក្សាការពារ ទ្រព្យសម្បត្តិ ឪពុក-ម្ដាយប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះ។តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួនលុះជ្រូកនេះមានវ័យ កាន់តែចម្រើនធំឡើង ៗ ឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។ ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថាៈ សូមឲ្យគិតគូរកប្រពន្ធអោយខ្លួន ។ ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថាៈ កូនអើយ! ឲ្យម្ដាយឮ-ឪពុក ទៅ​និយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ ។
សព្វថ្ងៃឪពុក​ម្ដាយ មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិឥតទាល់ក្រទេយើងមានឥតខ្វះ តែត្រង់រឿងដែលកូនអោយឪពុក ម្ដាយទៅរកស្ដីដណ្ដឹង កូនគេនោះ ឪពុក-ម្ដាយទាល់ហើយទ្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។ បើគេនិយាយថាម៉េចអោយមកវិញ ឯងគ្មានផ្លូវដោះការនេះឪពុក-ម្ដាយខ្មាសគេណាស់ ។ បើកូនយកជ្រូកដូចគ្នានោះ មិនពិបាកទេ។ជ្រូកឆ្លើយថា ៖
ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយ!មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ កុដុម្ពិកប្ដីប្រពន្ធស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។​ ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅ ក៏ឈរសម្រឹងឧទ្ទិសក្នុងចិត្តថា ៖ បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតាជួយនាំចិត្តអោយខ្ញុំដើរទៅត្រង់ទិសនោះ ។ ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាប អស់ជាច្រើនថ្ងៃ ទើបបានជួបយាយចាស់ម្នាក់ ដើរជីកដំឡូងតែម្នាក់ឯង ក្នុងព្រៃស្ងាត់ ជ្រូកឃើញក៏ដើរចូលទៅជិតសួរថា -លោកយាយ ដើររកអ្វី ?បានឬទេ?យាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអាណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៖-យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ!ជ្រូកសួរទៀតថា យាយនៅដល់ណា តើលោកតាគាត់នៅទេហើយយាយមានកូនប៉ុន្មាននាក់?​យាយឆ្លើយ​ប្រាប់ជ្រូកថាៈ-ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូនស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ។ជ្រូកឮយាយប្រាប់ថាមានកូនក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួន អោយយាយស្ដាប់សព្វគ្រប់ ហើយសុំទៅជាមួយយាយផង។យាយនឹកក្នុងចិត្តថា ជ្រូកនេះនិយាយដឹងខុស-ត្រូវសព្វចេះភាសា​មនុស្ស​ពីរោះល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង។បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវាព្រម អញគួរតែផ្សំផ្គុំវាហើយ​​ ។ ទើបគាត់ប្រាប់ជ្រូកវិញថាៈ ចៅឯងជួយរក​ដំឡូងបន្តិចទៅ ។
សូមរង់ចាំអានភាគទី (២)ដែលជាភាគបន្ដ!


What are your thoughts?