រឿង​ អ្នកតាឃ្លាំងមឿង

រឿង​ អ្នកតាឃ្លាំងមឿង

ភាគទី (១)
ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វជាអ្នកត្រួតត្រាខាងពន្ឋអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជា សត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឃឃាត ឱ្យចាប់រាជបុត្រ ស្ដេចសៀមយកទៅសម្លាប់ចោលក្ម្នុងព្រៃពេលយប់។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើង រកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកញំព្រះទម្រង់ទៅ ស្រុកសៀមថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គ ដល់ទីវង្គត់ហើយ រឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់ តាមរឿង រួចបង្គាប់ឱ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទ័រាជាព្រមទាំង ញាតិសាច់សាលោហិត ទាំងពួកសេនាបតី ហើយរឹបជាន់យកទ្រព្យសម្បត្ដិ និងកៀរពួកបណ្ដារាស្ដ្រមកស្រុកសៀមកុំឱ្យ សល់ ។ ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ឋចាប់ព្រះចន្ទ័រាជាសម្លាប់ ព្រមទាំងព្រះញាតិ។ ចំណែក ព្រះម្នាងប៉ែន ជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយ និងសេនាបតីមឿង ព្រមទាំងភរិយានិងបុត្រ៤នាក់ទៀត ។ ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ និង ឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ ឈ្មោះជំទាវប៉ាលហៃ មានកូននៅក្នុងពោះ ដែលជាព្រះទីនាំង ដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្ស ដោតស្លឹកត្រចៀក ដឹកយកទៅដូចសត្វធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុង ពោះ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឱ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិតក្រុង ហើយសន្មតឱ្យឈោ្មះថា “ក្រុមខ្មែរអ្នកគ្រួរ”។ ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុណ្យវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគ៌ភ ជាកូនមានឥទ្ធិឬទ្ឋិមានបុណ្យ ក៏បណ្ដាល ឱ្យអ្នកផងជិតខាង មានចិត្ដទោរទន់រាប់អានស្រឡាញ់ ជួយឧបត្ថម្ភយកអាសារនាងគ្រប់យ៉ាង ។ លុះនាងមានគភ៌គ្រប់ ខែ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏ មកមិនមានខាន ដោយអំណាចគុណបុណ្យតេជៈបារមីនៃទារកនោះ។
សូមរង់ចាំអានភាគទី (២)ដែលជាភាគបន្ដ!


What are your thoughts?