រឿង​ អាសំគមបាញ់លលក

រឿង​ អាសំគមបាញ់លលក

ភាគទី (១)
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សត្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា “អាសំគមបាញ់លលក” ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។

ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។ ម្តាយនិយាយនឹងកូនថា “នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?” អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា “ម៉ែ! បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ “ ។

ម្តាយដែលមានចិត្តអាណិតកូណ ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា “ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត” សំដីប៉ុណ្ណេះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាសំគមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖

“ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយងស់សង្ឃឹម” ។

– អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។
សូមរង់ចាំអានភាគទី (២)ដែលជាភាគបញ្ចប់!


What are your thoughts?